រូបីយវត្ថុរហស្សលិខ (cryptocurrency) ជាអ្វី ?
តើអ្វីទៅជា រូបីយវត្ថុរហស្សលិខ ដែលភាសាអង់គ្លេសហៅថា cryptocurrency នោះ ?
រូបីយវត្ថុរហស្សលិខ (cryptocurrencies) ស្ទើរតែទាំងអស់ប្រើប្រាស់ បច្ចេកវិទ្យាបណ្តុំច្រវ៉ាក់ ឬប្លក់ឆេន (blockchain) ដើម្បីកត់ត្រារបាយការណ៍ផ្សេងៗ ។ ឧទាហរណ៍ ដូចជា បណ្តាញរបស់ ប៊ីតខញ់ (bitcoin) និង អ៉ីថើរៀម (ethereum) ទាំងអស់សុទ្ធតែប្រើប្រាស់ បច្ចេកវិទ្យាបណ្តុំច្រវ៉ាក់នេះ ។
សូមកុំច្រឡំអំពីពាក្យថា រូបីយវត្ថុនិម្មិត (virtual currency) នឹងរូបីយវត្ថុរហស្សលិខ (cryptocurrency) នេះអោយសោះ ព្រោះវាមានអត្ថន័យ និងខ្លឹមសារខុសគ្នា ។
រូបីយវត្ថុរហស្សលិខ (cryptocurrency) គឺជាទ្រព្យសម្បត្តិតួលេខមួយ ដែលត្រូវបានរចនាឡើង ដើម្បីធ្វើជាមធ្យោបាយដោះដូរមួយ ដើម្បីត្រួតពិនិត្យទៅលើការបង្កើតកាក់ផ្សេងៗបន្ថែម ហើយនិងដើម្បីផ្ទៀងផ្ទាត់ការប្តូរ នៃភាពជាម្ចាស់កាក់ ។ មធ្យោបាយដោះដូរនោះ ដែលនៅក្នុងនោះ កំណត់ត្រាភាពជាម្ចាស់កាក់នៃបុគ្គលមួយៗ ត្រូវបានរក្សាទុកក្នុងទិន្នន័យ ដែលមានសុវត្ថិភាពខ្ពស់បំផុត ។ វាមិនមានជាទម្រង់រូបរាង ដូចជាលុយក្រដាស ឬលុយកាក់ឡើយ ហើយជាតួយ៉ាងវាមិនត្រូវបានចេញ ដោយអាជ្ញាធរកណ្តាលណាមួយឡើយ ។
រូបីយវត្ថុរហស្សលិខ ប្រើប្រាស់ការត្រួតពិនិត្យវិមជ្ឈការ ដែលផ្ទុយពី រូបីយវត្ថុតួលេខមជ្ឈការ ឬប្រព័ន្ធធនាគារកណ្តាល ។ នៅពេលដែលអនុវត្តជាមួយនឹងការត្រួតពិនិត្យវិមជ្ឈការ រូបីយវត្ថុរហស្សលិខនីមួយៗដំណើរការ តាមរយៈ បច្ចេកវិទ្យាសៀវភៅធំដែលចែកចាយ ជាតួយ៉ាងដុំច្រវ៉ាក ឬប្លក់ឆេន (blockchain) ដែលបម្រើជា ទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុសាធារណៈមួយ ។
នៅឆ្នាំ ២០១៨ ពាក្យ cryptocurrency ត្រូវបានបញ្ចូលទៅក្នុងវចនានុក្រម Merriam-Webster Dictionary ។ ខ្ញុំសង្ឃឹមថា ពាក្យ រូបីយវត្ថុរហស្សលិខ ក៏នឹងត្រូវបញ្ចូលទៅក្នុងវចនានុក្រមបច្ចេកវិទ្យាខ្មែរ ក្នុងពេលឆាប់ៗនេះដែរ ។
សូមបញ្ជាក់ថា ពាក្យថា រហស្សលិខ បានមកពីពាក្យថា រហស្សលិខវិទ្យា (cryptography) ដែលសិក្សាអំពីកូដសម្ងាត់ តាំងពីសម័យមុនសង្គ្រាមលោកមកម៉្លេះ ។