YouTube នឹងកំណត់គុណភាពវីដេអូ មកកម្រឹតបទដ្ឋាន រយៈពេលមួយខែ
លើកនេះពេលអ្នកបើក យូធ្យូប (YouTube) មក វាប្រហែលជាមិនឃើញរូបភាពហ្មត់ ដូចធម្មតា រាល់ដងនោះទេ។ ចាប់តាំងពីថ្ងៃនេះទៅ វីដេអូនឹងចាប់ផ្តើមចាក់ក្នុងគុណភាពបទដ្ឋាន (standard definition) ដោយការកំណត់រួម រហូតដល់ខែក្រោយ។ ប៉ុន្តែ អ្នកអាចកែតម្រូវគុណភាព ដោយខ្លួនឯង ក្នុងការកំណត់ (settings) បាន។
វិធានការនេះត្រូវបានអនុវត្ត មិនត្រឹមតែ យូធ្យូប ប៉ុណ្ណោះទេ រួមថែមទាំងក្រុមហ៊ុនផ្សាយវីដេអូ ជាច្រើនផ្សេងៗទៀតផងដែរ ដែលបានអនុមតិនៅអឺរ៉ុប ដើម្បីកាត់បន្ថយចរាចរប្រើប្រាស់តាមអ៊ីនថឺណិត ក្នុងអំឡុងពេលរីករាលដាលមេរោគកូរ៉ូណា។ និយតករទាំងឡាយនៃសហគមន៍អឺរ៉ុបបានស្នើសុំឲ្យ ក្រុមហ៊ុនទាំងអស់នោះធ្វើការផ្លាស់ប្តូរ ដើម្បីបន្ធូបន្ថយភាពកកស្ទះ ឬដើរយឺតនៃអ៊ីនថឺណិត នៅក្នុងតំបន់។
ដោយមនុស្សភាគច្រើនស្ថិតនៅក្នុងផ្ទះដើម្បីកាត់បន្ថយកំណើន នៃការរីករាលដាលមេរោគ ការមើលវីដេអូតាមអ៊ីនថឺណិតកើនឡើងយ៉ាងខ្លាំង ក្នុងតំបន់ជាច្រើន។ មុនៗភាគច្រើនការមើលគឺ នៅពេលល្ងាច តែឥឡូវនេះការប្រើប្រាស់គឺពេញមួយថ្ងៃតែម្តង។
ហ្គូហ្គល ដែលជាម្ចាស់ យូធ្យូប បានថ្លែងថា ខ្លួននឹងបន្តសហការជាមួយរដ្ឋាភិបាល និងបណ្តាញអ្នកប្រតិបត្តិការ លើពិភពលោក ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការធុញថប់ លើប្រព័ន្ធក្នុងស្ថានភាពនេះ។