ព័ត៌មានថ្មីៗ

ជប៉ុននឹងចាប់ផ្តើមចាក់ថ្នាំបង្ការ ដល់មនុស្សចាស់ ចាប់ពីថ្ងៃទី​​ ១២ ខែ មេសា


តូក្យូ -​​ កាលពីថ្ងៃទីពុធ លោកនាយករដ្ឋមន្ត្រី ស៊ុហ្កា យ៉ុស៊ីហ៊ីដិ បាននិយាយថា​ ជប៉ុននឹងចាប់ផ្តើម ចាក់ថ្នាំបង្ការ (វ៉ាក់សាំង) ការពារមេរោគកូរ៉ូណា នៅថ្ងៃទី​ ១២ ខែ មេសា ដល់មនុស្សចាស់ នៅពេលការចាក់បណ្តើរៗ កើនឡើងក្នុងចំណោមបុគ្គលិកសុខាភិបាល ។ 

បើតាមប្រសាសន៍របស់ លោក កុណុ តារ៉ូ បានអោយដឹងថា ការចាក់ថ្នាំបង្ការនេះនឹង ចាប់ផ្តើមក្នុងទ្រងទ្រាយតូចសិន ដើម្បីតាមដានការចែកចាយ និងបញ្ហាបច្ចេកទេសនានា មុននឹងចាប់អនុវត្តទូទាំងប្រទេស ចាប់ពីថ្ងៃទី​ ២៦ ខែមេសាទៅ ។

ជប៉ុនបានចុះហត្ថលេខាព្រមព្រៀង ដើម្បីទទួលបានថ្នាំបង្ការ ចំនួន ១៤៤ លាន ម្ជុល (កម្រិតថ្នាំ) ពីក្រុមហ៊ុន ហ្វៃហ្ស័រ (Pfizer) ។ ការដឹកជញ្ជូនថ្នាំបង្ការលើកទីបី នៃក្រុមហ៊ុន ហ្វៃហ្ស័រ (Pfizer) និង បៃអូអិនតិច (BioNTech SE) ត្រូវបានអនុម័តដោយ សហភាពអឺរ៉ុប រួចហើយ និងត្រូវមកដល់ជប៉ុន ថ្ងៃទី ១ ខែមិនា ដែលមានចំនួន ៥២៦.៥០០ ម្ជុល ។ 

គូរបញ្ជាក់ផងដែរថា ជប៉ុនមានបំណងផ្គត់ផ្គង់ អោយគ្រប់ចំនួនដល់ប្រជាពលរដ្ឋប្រមាណ ១២៦ លាននាក់ ត្រឹមខែមិថុនា ហើយក៏បានព្រមព្រៀងជាមួយក្រុមហ៊ុន អាស្ត្រាហ្សេណិកា (AstraZeneca Plc) និង ម៉ូដេណា (Moderna Inc) ។

​ការចាក់ថ្នាំបង្ការកាលពីសប្តាហ៍មុន បានផ្តើមលើក្រុមបឋម ក្នុងចំណោម បុគ្គលិកសុខាភិបាល ចំនួន ៤០.០០០ នាក់ ។ បើគិតមកត្រឹមថ្ងៃពុធនេះ ពលរដ្ឋចំនួន ១៨.០០០ នាក់ បានទទួល ពីរម្ជុលដំបូង ។  

មានការជ្រើសរើសអោយចាក់បន្ថែមនឹងចាប់ផ្តើមពីខែ មិនា ដល់បុគ្គលិកសុខាភិបាលជួរមុខ ចំនួន ៤,៧ លាន នាក់ទៀត ហើយបន្តរតាមដោយ មនុស្សចាស់ ឬអ្នកមានអាយុចាប់ពី ៦៥ ឆ្នាំ ឡើង ។ បន្ទាប់មកអ្នកដែលមានលក្ខខណ្ឌជម្ងឺផ្សេងៗ ដូចជាទឹកនោមផ្អែម ហើយជាចុងក្រោយគឺប្រជាជនទូទៅ ។